បងស្រីសព​ស្រី្តស្អាត​រុំ​ភួយ ប្រាប់ថា ប្អូនស្រី​​​បាត់​ខ្លួន១យប់ជាមួយនឹងម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង


រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បម្រើ​ការ​នៅ​ក្លិប៥៥ បាន​ត្រូវ​ឃាតករ​ដែល​គេ​សង្ស័យ​ថា ​អាច​ជា​មនុស្ស​ស្គាល់គ្នា​រឹត​ក​សម្លាប់ រួច​យក​ភួយ​ និង​កម្រាលពូក​រុំ​សព​ដឹក​យក​ទៅ​កប់​ចោល​នៅ​ក្នុង​គំនរ​សំរាម តាម​ចិញ្ចើម​ផ្លូវ​លេខ​១០០៣ ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។
តាម​ព័ត៌មាន​ពី​បងស្រី​នារី​រង​គ្រោះ បានឱ្យ​ដឹង​ថា ប្អូនស្រី​នាង​បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ដោយ​ជិះ​ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១SC ៣៨៩១ មិនដឹង​ថា ​ទៅ​ណា ។ លុះ​នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ទទួល​ដំណឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ធ្វើ​ដំណើរ​មក​ឈាបនដ្ឋាន​វត្ត​ក្រាំងធ្នង់ ទើប​ដឹង​ថា​ជា​ប្អូនស្រី​របស់​នាង​ត្រូវ​បាន​គេ​សម្លាប់ ។ សព​ត្រួ​វ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ដ​ចាក់​អង្រែ​ក្រោម ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។
នេះ​ជា​ការ​សម្លាប់​ដ៏​ព្រៃផ្សៃ​មួយទៀត ទៅ​លើ​ស្ដ្រីភេទ​ចេញពី​កន្លែង​កម្សាន្ដ ។ គេ​នៅ​ចាំ​បាន​ថា កាលពី​ជាង​១​ខែ​មុន ស្ដ្រី​ខារ៉ាអូខេ​ម្នាក់​ត្រូវ​បាន​សង្សារ​សម្លាប់​នៅ​ក្នុងផ្ទះ​សំណាក់​អូ​យេ​ស តែ​បន្ទាប់​ពី​បាន​ស្គាល់​អត្ដសញាណ​នារី​រង​គ្រោះ​មក ទីបំផុត​ឃាតករ​ដៃដល់​ក៏​ត្រូវ​ចាប់ខ្លួន ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ដោយ​គ្មាន​ថ្ងៃ​ចេញ​ឡើយ ។
ចំណែក​ឃាតកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​មួយទៀត​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ខណៈ​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​បាន​ទៅ​កកាយ​រើស​យក​របស់របរ​អេ​ត​ចាយ​នៅ​គំនរ​សំរាម​នោះ ហើយ​ក៏​ប្រទះ​ឃើញ​សព ។
សព​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ កែវ កញ្ញា អាយុ​១៩​ឆ្នាំ ជា​ស្ដ្រី​បម្រើ​ការ​នៅ​ក្លិប​កម្សាន្ដ​៥៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ស្នាក់​នៅផ្ទះ​លេខ​១១៤៧ ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។


មន្ដ្រី​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ មាន​បុរស​ម្នាក់​ឈ្មោះ ខេ​ង គួ​ក ហៅ​ជ្រូក អាយុ​៤២​ឆ្នាំ ជា​អ្នក​ដើរ​រើស​អេ​តចាយ បាន​ទៅ​រើស​អេ​ត​ចាយ​នៅ​គំនរ​សំរាម​នោះ​ក៏​ប្រទះ​ឃើញ​ភួយ​ដែល​បាន​រុំ​សព លុះ​កាយ​ទាញ​មើល​ស្រាប់តែ​ឃើញ​ជើងមនុស្ស​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ភ្លាម​ៗ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ចងខ្សែ​ឡោម​ព័ទ្ធ ដើម្បី​រង់ចាំ​នគរបាល​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ ។
សព​ត្រូវ​បាន​នគរបាល​ដឹក​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ក្រាំងធ្នង់ នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ដើម្បី​ត្រួតពិនិត្យ ។ ទន្ទឹម​ពេល​ដែល​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ បងស្រី​រួម​ទាំង​មិត្តភក្តិ​របស់​នារី​រង​គ្រោះ ក៏​បាន​ទៅ​ដល់​ទើប​ស្គាល់​អត្តសញ្ញាណ​សព ។
តាម​ការ​ត្រួតពិនិត្យ នារី​រង​គ្រោះ​ត្រូវ​ឃាតករ​រឹត​ក​នឹង​ខ្សែភ្លើង​ឆ្នាំង​ដាំបាយ​អគ្គិសនី ហើយ​យក​កន្សែង​ពណ៌​ស្វាយ​គ្រប​មុខ រួច​រុំ​ភួយ​ពណ៌​ផ្កាឈូក​លា​យស និង​យក​ខ្សែ​នីឡុង​ចំណង​គោ​ចង​ត្រង់​ក ចង្កេះ និង​ចង​រុំជើង ព្រមទាំង​យក​កម្រាលពូក​រុំផ្នែក​ខាង​ចុងជើង ។
តាម​មន្ត្រី​នគរបាល​ជំនាញ​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ត្រូវ​ឃាតករ​រឹត​ក​សម្លាប់​នៅ​កន្លែង​ណាមួយ រួច​ហើយ​ដឹក​សព​តាម​រថយន្ត​យក​ទៅ​ទម្លាក់​ចោល​នៅ​គំនរ​សំរាម​ក្បែរ​ចិញ្ចើម​ផ្លូវ​ចំណុច​ខាងលើ ។
លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ដែល​ចុះ​ទៅ​ផ្ទាល់​ដល់​កន្លែង​កើតហេតុ ថ្លែង​ថា ឃាតករ​អាច​ជា​មនុស្ស​ស្គាល់គ្នា​ជាមួយ​នារី​រង​គ្រោះ ហើយ​រឹត​ក​សម្លាប់​នៅ​កន្លែង​ណាមួយ មិនមែន​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ទេ រួច​ទើប​ដឹក​សព​យក​មក​ទម្លាក់​ចោល​នៅ​ទី​នេះ ។ លោក​អធិការ​ថ្លែង​ទៀត​ថា លោក​កំពុង​សហការ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ករណី​ឃាតកម្ម​នេះ ។
តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្លិប​៥៥​នោះ​ទើបតែ​បើក​ថ្មី ហើយ​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​មានការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ តែ​ករណី​នេះ​ពិត​ណាស់​ថា ក្រុម​ឃាតករ​ដៃដល់​ប្រហែល​មិន​រួចខ្លួន ៕




បងស្រីសព​ស្រី្តស្អាត​រុំ​ភួយ ប្រាប់ថា ប្អូនស្រី​​​បាត់​ខ្លួន១យប់ជាមួយនឹងម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង បងស្រីសព​ស្រី្តស្អាត​រុំ​ភួយ ប្រាប់ថា ប្អូនស្រី​​​បាត់​ខ្លួន១យប់ជាមួយនឹងម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង Reviewed by Unknown on 8:21 PM Rating: 5

No comments:

Theme images by RBFried. Powered by Blogger.