ប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេជានរណា?
ប្រធានាធិបតីដំបូងគេបង្អស់របស់សហរដ្ឋអាមេរិក គឺលោក ហ្សក វ៉ាស៊ីនតោន ជាអ្នកនយោបាយសញ្ជាតិអាមេរិកមួយរូបដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមានកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺនៅលើសកលលោក។ សូមជម្រាបជូនថា ប្រធានាធិបតីរូបនេះ កើតឆ្នាំ១៧៣២ នៅ Westmorelead នៃរដ្ឋ Virginia។ លោកបានក្លាយជាតំណាងរាស្ត្រនៅរដ្ឋ Virginia នៃសមាជក្រុង ភីឡាដែលភា (Philadelphia) ពីឆ្នាំ១៧៧៤ ដល់១៧៧៥។ វ៉ាស៊ីនតោន ជាបុគ្គលម្នាក់ដែលតែងមានជំហរទាមទារឯករាជ្យពីចក្រភពអង់គ្លេសជានិច្ច។ លុះនៅឆ្នាំ១៧៧៥ លោកត្រូវបានតែងតាំងជាអគ្គបញ្ជាការកងទ័ពអាមេរិក ទើបជាឱកាសឲ្យលោកមានទំនាក់ទំនងល្អជាមួយបារាំង។ ពោលនៅឆ្នាំ១៧៨១ ប្រទេសបារាំងបានជួយជ្រោមជ្រែង និងផ្ដល់នូវជំនួយយោធាដល់សហរដ្ឋអាមេរិក។ សូមជម្រាបជូនផងដែរថា អគ្គបញ្ជាការកងទ័ពអាមេរិករូបនេះ បានដឹកនាំកងទ័ពវាយលុកពួកអង់គ្លេសនៅ យ៉កថោន (Yorktown) បានជោគជ័យ និងបានប្រែក្លាយទៅជាវីរបុរសឯករាជ្យជាតិសហរដ្ឋអាមេរិក។
លុះឆ្នាំ១៧៨៩ លោក ហ្សក វ៉ាស៊ីនតោន បានឡើងធ្វើជាប្រធានាធិបតីទី១ នៃសហរដ្ឋអាមេរិក ហើយនៅឆ្នាំ១៧៩២ វ៉ាស៊ីនតោនបានបង្ហាញថា ខ្លួនជាអ្នកប្រកាន់យកគោលនយោបាយនៃរបបសហព័ន្ធនិយម និងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុអាមេរិក។ ក្រោយមកនៅឆ្នាំ១៧៩៣ ផ្នែកវិស័យនយោបាយក្រៅប្រទេស វ៉ាស៊ីនតោន បានប្រកាសថា ប្រកាន់ខ្ជាប់មាគ៌ាអព្យាក្រឹតភាពនៃសហរដ្ឋអាមេរិក។
នៅឆ្នាំ១៧៩៧ វ៉ាស៊ីនតោន បានដកខ្លួនចេញពីឆាកនយោបាយ។ លុះនៅឆ្នាំ១៧៩៩ លោកទទួលមរណភាព។ គួររម្លឹកជូនថា ប្រធានាធិបតីដំបូងរបស់សហរដ្ឋអាមេរិកនេះ ត្រូវបានគេអនុម័តយករូបលោកដាក់នៅលើក្រដាសប្រាក់១ដុល្លារសហរដ្ឋអាមេរិក និងយកឈ្មោះលោកដាក់ជាឈ្មោះរដ្ឋធានីវ៉ាស៊ីនតោន រហូតដល់បច្ចុប្បន្ននេះ៕
ប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេជានរណា?
Reviewed by Unknown
on
8:15 PM
Rating:
No comments: