លន់ នល់ អ្នកដឹកនាំ​រដ្ឋប្រហារ និងបង្កើត​សាធារណរដ្ឋ​ខ្មែរ




លន់ នល់ (Lon Nol) ជា​អ្នកនយោបាយ និងជា​ឧ​ត្ត​ម​សេនីយ៍​យោធា​កម្ពុជាដែល​ធ្លាប់​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​២​លើក និងជា​រដ្ឋមន្ត្រី​​ការពារជាតិ។ គាត់​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ទម្លាក់​សម្តេច នរោត្តម សីហនុ និងជា​អ្នកបង្កើត​របប​សាធារណរដ្ឋ​ខ្មែរ និងជា​ប្រធានា​ធិបតី​សាធារណ​រដ្ឋ​នេះ។ គាត់​ក៏​ជា​មនុស្ស​ទី​១​ដែរ​ដែល​ចេញមុខ​ប្រកាសសង្គ្រាម​បណ្តេញ​យួន​ខាងជើង ឬវៀត​កុង​ចេញពី​ទឹកដី​ខ្មែរ។​

លន់ នល់ កើត​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩១៣ នា​ខេត្តព្រៃវែងក្នុង​គ្រួសារ​ខ្មែរ​ដើមកំណើត​ចិន។ ឪពុក​របស់គាត់​ឈ្មោះ លន់ ហ៊ិ​ន ម្តាយ​ឈ្មោះ នួន។ គាត់​ជា​កូ​នទី​២​ក្នុង​គ្រួសារ​ដែលមាន​បងប្អូន​១០​នាក់ ដែល​ក្នុងនោះ​ប្អូនប្រុស​ទី​៧ ​របស់គាត់​ឈ្មោះ លន់ ណុន ជា​មនុស្ស​ដែលមាន​​តួនាទី​​សំខាន់​​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ខ្មែរ​ចាប់តាំងពី​ការចាត់ចែង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ និងការបង្កើត​របប​សាធារណរដ្ឋ​ខ្មែរ។ ឪពុក​របស់គាត់ធ្លាប់ជា​អភិបាលស្រុក​នៅ​ខេត្តសៀមរាប និងខេត្តកំពង់ធំ បន្ទាប់ពី​បាន​ដឹកនាំ​ក្រុម​បង្ក្រាប​ចោរប្លន់​នៅ​ខេត្តព្រៃវែង។ លន់ នល់ ទទួលបាន​ការអប់រំ​នៅ​សាលា​សា​សឺ​លូ​ប​-​ឡូ​បា (Chasseloup-Laubat) នាទី​ក្រុង​សាយ​ហ្ក​ន បន្ទាប់មក​បាន​ចូល​សិក្សា​នៅ​សាលា​យោ​ធា​​កម្ពុជា។​ 


​លន់ នល់ ជា​មន្ត្រី​ស៊ីវិលក្នុងសម័យ​រដ្ឋាភិបាល​អាណានិគម​បារាំង​នា​ឆ្នាំ​១៩៣៧។ គាត់​បាន​ក្លាយជា​អ្នកកាន់អំណាច​រដ្ឋបាល ហើយក៏​បានធ្វើ​ខ្លួន​ឲ្យ​​ក្លាយជា​អ្នកប្រតិបត្តិ​ការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​បារាំង​ប្រឆាំង​បង្ក្រាប​ចលាចល​ជា​បន្តបន្ទាប់​នៃ​ការ​ប្រឆាំងនឹង​អាណានិគម​​បារាំង​នា​ឆ្នាំ​១៩៣៩។ លុះដល់​ឆ្នាំ​១៩៤៦ គាត់​បាន​ក្លាយជា​ចៅហ្វាយ​ខេត្តក្រចេះ។ គាត់​បាន​ក្លាយជា​សហកា​រី​របស់​សម្តេចសីហនុ ហើយ​នៅក្នុង​អំឡុង​ចុង​​ទសវត្សរ៍​ឆ្នាំ​១៩៤០ នៅពេលដែល​គាត់​បាន​បង្កើត​ចលនា​ស្តាំនិយមរាជាធិបតេយ្យ ជា​ក្រុម​នយោបាយ​គាំទ្រ​ឯករាជ្យភាព​ដែល​ធ្វើ​ឲ្យ​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ប្រទេស​កម្ពុជា​ខ្លាំង​ឡើងៗ។ គាត់​បាន​ចូល​បម្រើកងទ័ព​នៅ​ឆ្នាំ​១៩៥២ ហើយ​គាត់​បាន​ដឹកនាំ​ប្រតិបត្តិការ​កង​ទ័ព​​ប្រឆាំង​វៀត​មិញ។ 

បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យពី​បារាំង គណបក្ស​កំណែទម្រង់​ខ្មែរ (Khmer Renovation ) របស់គាត់ (រួម​នឹង​គណបក្ស​ស្តាំនិយម​តូចៗ​ដែល​ដឹកនាំ​ដោយ សម សារី និង ដាប ឈួន) បាន​ក្លាយជា​គណបក្ស​ស្នូល​របស់គណបក្ស​សង្គមរាស្ត្រនិយមរបស់​សម្តេច​នរោត្តមសីហនុ សម្រាប់​ប្រជែង​ការបោះឆ្នោត​ឆ្នាំ​១៩៥៥។ ​

​លន់ នល់ ត្រូវបានតែងតាំង​ជា​នាយសេនាធិការ​កងទ័ព​នៅ​ឆ្នាំ​១៩៥៥ និងជា​អគ្គមេបញ្ជាការ​កងទ័ព​នៅ​ឆ្នាំ​១៩៦០ និងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផងដែរ។​ 

​នៅពេលនោះគាត់​ជា​អ្នកគាំទ្រ​ម្នាក់​ដែល​ទទួលបាន​ការទុកចិត្ត​ពីស​ម្តេចសីហនុ។ ឆ្នាំ​១៩៦៣ គាត់​ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ខណៈដែល​សម្តេចសីហនុ ព្យាយាម​ស្វែងរក​ចលនា "អព្យាក្រឹត​និយម" ជា​អន្តរជាតិ​ក្នុង​បំណង​បញ្ចៀស​ប្រទេស​របស់​ព្រះអង្គ​ពី​ការប៉ះពាល់​ដោយ​​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​២។​ 

​នៅ​ឆ្នាំ​១៩៦៦ ការបោះឆ្នោត​សភាបានធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ចំពោះ លន់ នល់ និងសមាសធាតុ​ស្តាំនិយម​របស់​គណៈបក្ស​សង្គម​រាស្ត្រនិយម នៅពេលដែល​បេក្ខជន​អភិរក្ស និងពួក​ស្លាប​ស្តាំ​ត្រូវបាន​ជ្រើសរើស​យ៉ាងច្រើន។ លន់ នល់ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ហើយ​គាត់​គឺជា​មនុស្ស​ដែល​ប្រកៀក​ស្មា​គ្នា​ជាមួយ​សីហនុក្នុងការ​ប្រយុទ្ធ​ជាមួយ​ពួក​កុ​ម្មុយ​និ​ស្ត។ ជាក់ស្តែងនៅ​ចន្លោះ​ឆ្នាំ​១៩៦៦-១៩៦៧ កង​អន្តរាគមន៍​របស់គាត់ រួមជាមួយ​កង​រាជ​តម្រួត​របស់​សម្តេចសីហនុ បាន​បង្ក្រាប​ការបះបោរ​របស់​កសិក​រ​នៅ​សំឡូតខេត្តបាត់តំបង ដែល​ត្រូវបាន​ញុះញង់​ដោយ​ពួក​កុ​ម្មុយ​និ​ស្ត។ ការបះបោរ​នេះ​កើតឡើង​ពី​កសិករ​លក់​ស្រូវ​ទៅឲ្យ​កងទ័ព​កុ​ម្មុយ​និ​ស្ត​យួន​ដែល​ដើរ​ប្រមូល​ទិញ​ក្នុងតម្លៃ​ថ្លៃ​ជាង​រដ្ឋាភិបាល​សង្គម​រាស្ត្រនិយម។ ការបង្ក្រាប​នេះ​មាន​សភាព​ឃោរឃៅ និងមាន​រយៈពេល​ច្រើន​ខែ រហូតដល់​មានការ​ប្រយុទ្ធ​ប្រដាប់អាវុធ និងមាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​បុគ្គល​ណា​កាត់​បាន​ក្បាល​ពួក​កុ​ម្មុយ​និ​ស្ត។ មនុស្ស​ជាច្រើន​បាន​រត់​ចូល​ព្រៃ និងអ្នកខ្លះ​ត្រូវបាន​ចាប់ចង​ធ្វើ​ទណ្ឌកម្ម​សួរចម្លើយ ។ សារព័ត៌មាន​នានា នា​សម័យ​នោះបាន​សរុប​ថា​យ៉ាងហោចណាស់​មាន​មនុស្ស​១.០០០នាក់ បានក្លាយជា​ជនរងគ្រោះ ហើយ​អ្នក​ខ្លះទៀត​មាន​​គំនុំ​​ជាមួយ​រដ្ឋាភិបាល​សង្គម​រាស្ត្រនិយម​យ៉ាងខ្លាំង។ លន់ នល់ ធ្លាប់បាន​ធ្វើជា​អភិបាលខេត្ត​បាត់ដំបង​នេះដែរ។​ 

​លន់ នល់ បាន​រងរបួស​នៅក្នុង​គ្រោះថ្នាក់​រថយន្ត​នៅ​ចុងឆ្នាំ​១៩៦៨ និងត្រូវបាន​បង្ខំ​ឲ្យ​ថយ​ពី​កិច្ចការ​នយោបាយ​ជា​បណ្តោះអាសន្ន។ ទោះបី​យ៉ាង​ណានៅ​ឆ្នាំ​១៩៦៨ គាត់​បាន​វិល​ត្រឡប់មក​ក្នុង​ឆាកនយោបាយ​វិញក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​១៩៦៩ គាត់​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជា​លើក​ទី​២​។​ 

​ថ្ងៃទី​១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេក្លោង​ម្នាក់​ក្នុងចំណោម​មនុស្ស​សំខាន់បំផុត​ទាំង​៣​រូបក្នុងការ​ទម្លាក់​សម្តេច សីហនុពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ។ 

​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​១៩៧០ លន់ នល់ និង សេរី​មតៈ បាន​បិទ​កំពង់ផែព្រះសីហនុ ជាទី​ដែល​អាវុធ​យុទ្ធ​ភ័​ណ្ឌ ត្រូវបាន​ដឹកជញ្ជូន​ដោយ​លួចលាក់​សម្រាប់​ពួកវៀ​ត​កុងទៅឲ្យ​​កងទ័ព​វៀតណាម​ខាងជើង។​ 

​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ រដ្ឋាភិបាល​ស្រោចស្រង់​ជាតិរបស់​លន់ នល់ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​សម្តេច​សីហនុកាលពី​ថ្ងៃទី​១៤ សីហា ឆ្នាំ​១៩៦៩ ដោយសារ​ពេលនោះ​ស្ថានភាព​ប្រទេសជាតិ​កំពុងមាន​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ បាន​ផ្ញើលិខិត​ទៅឲ្យ​​រដ្ឋាភិបាល​ក្រុង​ហាណូយ និងរណសិរ្ស​​រំដោះ​ជាតិ​វៀតណាម​ខាងត្បូង​ដោយ​ដាក់​ឱសានវាទ​ថា ឲ្យ​​ដក​កងទ័ព​របស់ខ្លួន​ចេញពី​ទឹកដី​ខ្មែរ​ឲ្យ​អស់​ក្នុង​រយៈពេល​៤៨​ម៉ោង ពោល​គឺ​​មិនឲ្យ​​យឺត​ជាង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​១៩៧០ ពុំ​នោះទេ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​វិធានការ​យោធា។ មុននេះ លន់ នល់ ធ្លាប់បាន​ជួប​ប្រធាន​រណសិរ្ស​វៀត​កុង និងនាយក​មន្ត្រី​វៀតណាម​ខាងជើង​នៅ​ប៉េកាំង គាត់​ជម្រុញ​ឲ្យ​ពួកគេ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា ប៉ុន្តែ​គាត់​ទទួលបាន​លទ្ធ​​ផល​ជាទី​ខកចិត្ត​យ៉ាងខ្លាំង។​ 

​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៧០ នាទី​ក្រុងប៉ារីស សម្តេច​សីហនុ​បាន​មានបន្ទូលថា​ព្រះអង្គ​នឹង​យាង​ត្រឡប់មក​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ដើម្បី​រៀបចំ​អព្យាក្រឹតភាព​កម្ពុជា​ឡើងវិញ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​យាង​ចាក​ចេញពី​បារាំង​ទៅ​ឈប់​សំចត​នៅ​មូ​ស្គូ និងប៉េកាំង ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​​រដ្ឋាភិបាល​ទាំងពីរ​នេះ​ដាក់​គំនៀប​លើ​យួន​ខាងជើង និងវៀត​កុង​ឲ្យ​​ដក​ចេញពី​ទឹក​ខ្មែរ។ ​

​ដោយ​សំអាង​លើ​សេចក្តីប្រកាស​នេះ គេ​ឃើញថារ​ដា្ឋ​ភិ​បាល​ភ្នំពេញ​ដែល​កំពុង​ត្រូវបាន​ដឹកនាំ​ជំនួស​ដោយ លន់ នល់ ក៏ដូចជា​ព្រះអង្គ​ដែរ​កំពុងធ្វើការ​ក្នុង​គោលដៅ​តែមួយ ពោលគឺ​ដើម្បី​បណ្តេញ​កងទ័ព​យួន​កុ​ម្មុយ​និ​ស្ត និងវៀត​កុង​ឲ្យ​ចេញពី​ទឹកដី​កម្ពុជា គ្រាន់តែ​ក្នុង​របៀប​ផ្សេងគ្នា​តែប៉ុណ្ណោះ។ ដោយហេតុនេះទើប​ធ្វើ​ឲ្យ​គេ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ព្រះអង្គ​បញ្ចេញ​ប្រតិកម្ម​បែបនេះ​ទៅវិញ។​ 

​ស្ថានភាព​នៅ​កម្ពុជា​ពុំមាន​ភាព​ស្រាកស្រាន្ត​សោះឡើយ។ ទឹកចិត្ត​របស់​រាស្ត្រ​ខ្មែរ​កាន់តែ​ពោរពេញ​ទៅដោយ​កំហឹង​ខ្លាំង​ឡើងៗ​​ចំពោះ​កងទ័ព​វៀតណាម​ខាងជើង និង ពួកវៀ​ត​កុង។ ព្រឹក​ថ្ងៃទី​១៦ មីនា ឆ្នាំ​១៩៧០ បាតុកម្ម​ដ៏​ធំ​មួយទៀត​ត្រូវបាន​ធ្វើឡើង​នៅមុខ​រដ្ឋសភា ដើម្បី​សុំឲ្យ​អង្គ​ការ​​កំពូលមួយ​​នេះ​ចោទប្រកាន់​ឥស្សរជន​ស៊ីវិល និងយោធា​មួយចំនួន​ពីបទ​​សមគំនិត​ជាមួយ​វៀតណាម​កុ​ម្មុយ​និ​ស្ត ដែល​មនុស្ស​ទាំងនោះ​សុទ្ធ​ជា​មនុស្ស​ក្នុង​រាជវង្ស ឬក៏​ជា​អ្នក​ស្និទ្ធ​នឹង​អ្នក​ម្នាង​ម៉ូ​និក ដូចជា អ៊ុំ ម៉ា​ណូ​រិន្ទ ជាដើម ។ ​

​ស្អែក​ឡើង គឺ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០ បាតុកម្ម​បានចាប់ផ្តើម​កញ្ជ្រោល​ឡើង​ម្តងទៀត។ សភា​បាន​បន្ត​ការប្រជុំ​តាម​ការគ្រោងទុក។ ការ​ចោទ​ប្រកាន់​​ចំពោះ​​សម្តេច​កាន់​តែមាន​ភាពជូរចត់​ឡើងៗ។ រថពាសដែក និងរថយន្ត​ដឹក​កងទ័ព​ត្រៀមប្រយុទ្ធ​បានធ្វើ​ចលនា​ខ្វាត់ខ្វែង​តាម​ដង​ផ្លូវធំៗ​ពាសពេញ​ទីក្រុង។​ 

​យោងតាម​ឯកសារ​ខ្លះ "លន់ នល់ បាន​បដិសេធ​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​​ដកហូត សម្តេចសីហនុ ពី​តំណែង​ជា​ព្រះប្រធាន​ប្រមុខរដ្ឋ​ឡើយ។​ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ បាន​ចាក់​កាសែត​ដែល​គេ​លួច​ថត​ពេល​សម្តេចនរោត្តម សីហនុ មានបន្ទូល​នៅក្នុង​អង្គប្រជុំ​១ នៅ​ទីក្រុង​ប៉ារីសឲ្យ លន់ នល់ ស្តាប់។ ក្នុង​ខ្សែអាត់​នោះព្រះអង្គ​បាន​ស្តីបន្ទោស​ចំៗ​ឈ្មោះ​នូវ​មនុស្ស​ដែល​ព្រះអង្គ​ហៅថា​ជា​អ្នក​ក្បត់​ព្រះអង្គ ហើយ​ថា​ព្រះអង្គ​នឹងដាក់​ទណ្ឌ​កម្ម​​ពួក​អ្នក​ទាំងនោះ​ភ្លាម នៅពេល​ព្រះអង្គ​យាង​ត្រឡប់​មកដល់​ភ្នំពេញ។ ទោះយ៉ាងណានាយករដ្ឋមន្ត្រី លន់ នល់ នៅតែ​មិន​ប្រាកដថា​នឹង​​ញុះញង់​ឲ្យ​​សភា​បោះឆ្នោត​ទម្លាក់​សម្តេចនៅឡើយ។ យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០​នោះ ព្រះអង្គម្ចាស់សិរិមតៈ ដោយមាន​មន្ត្រី​យោធា​៣​រូប បាន​ទៅដល់​ភូមិគ្រឹះ​របស់ លន់ នល់ ហើយ​ភ្ជង់​កាំភ្លើង​បង្ខំ លន់ នល់ ដែល​កំពុង​ជោគជាំ​ដោយ​ជលនេត្រ​ឲ្យ​​ចុះហត្ថលេខា​លើ​ឯកសារ​ចាំ​បាច់​ទាំង​ឡាយ​​ដើម្បី​​ដកហូត​សម្តេចសីហនុ។ ស្អែក​ឡើង ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ សភាបាន​បោះឆ្នោត​ជា​ឯក​ឆន្ទ ដកហូត​សម្តេច​សីហនុពី​អំណាច"។ ​

​ថ្វីត្បិតតែ​ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ តែងតែ​មានបំណង​ដកហូតសម្តេចនរោត្តម សីហនុ ពី​អំណាច​កំពូល​ក្នុងប្រទេស​ខ្មែរ ដោយសារតែ​សម្តេច​ជា​ស្រ​ឡាយនរោត្តម ក៏ពិតមែន ប៉ុន្តែ​យើង​យល់ថាការអះអាង​ខាងលើនេះ​មិនសូវ​ទំនង​ឡើយ គឺ​យើង​យល់ថា​ព្រះអង្គម្ចាស់សិរិមតៈ មិន​ហ៊ាន​ធ្វើ​បែប​នោះ​ចំពោះ លន់ នល់ ឡើយ។ ​

​សៀវភៅ "សាធារណៈរដ្ឋ​ខ្មែរ" របស់​បណ្ឌិតសាស្ត្រាចារ្យ រស់ ច​ន្ត្រា​បុត្រ​ បាន​តាម​រុករក​ឃើញ​នូវ​រឿង​អាថ៌កំបាំង​មួយ​ដែលនាំឲ្យ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ សម្រេចចិត្ត​អនុ​ញ្ញា​ត្ត​ឲ្យ​មាន​ការដកហូត​សម្តេច​សីហនុពី​អំណាច​ គឺជា​ល្បិច​របស់​ប្អូនប្រុស​គាត់​គឺ លន់ ណុន។ ​

​គួរ​រំលឹក​ឡើងវិញ​ថា រហូតមកដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧០ អំណាច​របស់​សម្តេច​សីហនុ នៅតែមាន​សុវត្ថិភាព​នៅឡើយត្បិត​មនុស្ស​ពីររូប​គឺ​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ និង ព្រះអង្គម្ចាស់ សិរិមតៈ មិនទាន់​បើកផ្លូវ។​ 

​ពិត​ហើយ​ថា សិរិមតៈ កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា​បន្ទាប់ពី​ការប៉ុនប៉ង​របស់​ព្រះអង្គ​ក្នុងការ​ដកហូត​សីហនុ ចេញពី​អំណាច ដើម្បី​យក​ម្កុដ​រាជ ទៅ​បំពាក់ឲ្យ​​មនុ​ស្សណា​ម្នាក់​ដែលជា​ស្រ​ឡាយ​ស៊ីសុវត្ថិ។ ទោះយ៉ាងណាព្រះអង្គ​ទំនងជា​មិន​ចង់​ទទួលខុសត្រូវ​រឿងនេះ​តែ​១​អង្គឯង ទើប​ព្រះ​អង្គ​​នៅ​ចាំមើល​ការឈាន​មួយ​ជំហាន​មុន​របស់​លន់ នល់ ដែលជា​ជំហាន​ចុងក្រោយ​ដើម្បី​ទម្លាក់​សីហនុ ខណៈ លន់ នល់ ហាក់ដូចជា​មិនទាន់​ប្រាកដថា​ធ្វើយ៉ាងណា ដែល​មានន័យថានាយករដ្ឋមន្ត្រី​រូបនេះ​មិនទាន់​អនុ​ញ្ញា​ត្ត​ឲ្យ​​នរណាម្នាក់​ប៉ះពាល់​ដល់​ឋានៈ​របស់​សម្តេច​សីហនុ។​ 

​បណ្ឌិតសាស្ត្រាចារ្យ រស់ ច​ន្ត្រា​បុត្រ បាន​ទម្លាយឲ្យ​ដឹងថា "នៅ​យប់​ថ្ងៃទី​១៧ ឈានចូល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​នោះ លន់ ណុន អមដោយ​ហង្ស ធុន​ហាក់ ឆន សុខុម និង គង់ អ៊​ន បាន​ទៅ​ភូមិគ្រឹះ​របស់​លន់ នល់ ហើយ​បាន​ប្រាប់​លន់ នល់ ថា​៖ "លោក​បង ព្រះអង្គម្ចាស់ សិរិមតៈ បានសម្រេច​ព្រះទ័យ​ដកហូត​តំណែង​របស់​សម្តេច​សីហនុហើយ"។​ ​

លន់ នល់ ដែល​ទើបតែ​ភ្ញាក់​ពី​ដំណេក​ដោយសារ​ប្អូនប្រុស​របស់គាត់​ដាស់ បន្ទាប់ពី​ពួកគេ​បាន​ឈរ​រង់ចាំ​យ៉ាងយូរ​មក​នោះ បាន​ប្រាប់​ទៅ​លន់ ណុន វិញ​ថា ៖ "បើសិរិ​មតៈព្រមព្រៀង​រួចទៅហើយយើង​មានតែ​សម្រេច​ធ្វើ​អីចឹង​ទាំងអស់គ្នា !"។ ​

​តាមពិត​ព្រះអង្គម្ចាស់​សិរិមតៈ មិនទាន់​បានផ្តល់​ការយល់ព្រម​នៅឡើយ។ បន្ទាប់មកទៀត លន់ ណុន បាន​ចាក​ចេញពីផ្ទះ​បងប្រុស​របស់គាត់ ធ្វើដំណើរ​ទៅ​គេហដ្ឋាន​របស់​ព្រះអង្គម្ចាស់​សិរិមតៈ ហើយ​បានទូល​ព្រះអង្គ​ថាបងប្រុស​របស់គាត់​គឺ លន់ នល់ បានសម្រេច​ចិត្ត​ចាត់ការ​ទម្លាក់​សីហនុ ហើយ ដែល​តាមពិតទៅ លន់ នល់ បាន​ចាញ់បោក​គាត់ ​(លន់ ណុន) តែប៉ុណ្ណោះ។ ដោយហេតុនេះ ស្អែក​ឡើង គឺ​ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៧០ រដ្ឋសភា និងក្រុមប្រឹក្សា​ព្រះរាជាណាចក្រ បានសម្រេច​បោះឆ្នោត​ជា​ឯក​ឆន្ទដកហូត​សម្តេច​សីហនុ ពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ នៅ​ម៉ោង ១៣ និង ៣០​នាទី" ។ 

​យប់​ថ្ងៃទី​១៨ មីនា ឆ្នាំ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស​បង្កើត​រប​ប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខ។ ការប្រកាស​​បែបនេះ បណ្ឌិត រស់ ច​ន្ត្រា​បុត្រ បាន​អះអាងថាធ្វើឡើង​តាម​ការស្នើសុំ​របស់​វរ​សេនីយ៍​ត្រី លន់ ណុន។ ប៉ុន្តែ​បន្ទាប់ពី​ត្រូវបាន​គេ​រាយការណ៍​ថ្វាយ​អំពី​សេ​ក្តី​ប្រកាស​នោះព្រះអង្គម្ចាស់ សិរិមតៈ បាន​ជំទាស់​ហើយ​បាន​ស្នើឲ្យ​​លើក​សេចក្តីប្រកាស​នោះ​ទៅធ្វើ​នៅ​ថ្ងៃក្រោយ។ ​

​នៅពេល​ឃើញថា ដំណើរ​នៃ​ការបង្កើត​របប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា​ត្រូវបាន​រាំងខ្ទប់​ដោយ​ព្រះអង្គម្ចាស់​សិរិមតៈ​ដែល​ចង់​បន្ត​ប្រទេស​កម្ពុជា​ឲ្យ​នៅ​​ជា​​ប្រទេស​រា​ជាធិបតេយ្យ​តទៅទៀត​នោះ ទើប​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​១៩៧០ វរសេនីយ៍ត្រី លន់ ណុន បាន​បញ្ជា​ឲ្យ​ ថាច់ ជា (ដើមកំណើត​ខ្មែរ​កម្ពុជា​ក្រោម) រៀបចំ​ធ្វើបាតុកម្ម​ដ៏​ធំ​មួយ​ឈ្មោះថា "ដំណើរ​ឆ្ពោះទៅរក​ភាពស្របគ្នា​ខាង​ផ្លូវចិត្ត​គំនិត" នៅក្នុង​ពហុកីឡដ្ឋាន​អូឡាំពិក ក្រុងភ្នំពេញ ។ បាតុកម្ម​នេះ​ធ្វើឡើង​ដើម្បី​សំណូមពរ​ឲ្យ​​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ បង្កើត​របប​សាធារណៈរដ្ឋ​មួយ​នៅ​កម្ពុជា។ បន្ទាប់ពី​ការជួប​ជុំគ្នា​នៃ​ហ្វូង​បាតុករ​នេះ​ទៅ វរសេនីយ៍ត្រី លន់ ណុន បាន​សន្យា​យ៉ាង​ឱឡារិក​ថា របប​សាធារណរដ្ឋ​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។​ 

​ប៉ុន្តែ​ព្រះអង្គម្ចាស់ សិរិមតៈ និងមនុស្ស​របស់​ព្រះអង្គ​នៅតែ​មិន​ព្រម ហើយ​ព្រះអង្គម្ចាស់​លេចធ្លោ​ជាងគេ​នៃ​ស្រ​ឡាយ​ស៊ីសុវត្ថិអង្គ​នេះ​លើក​ហេតុ​ផល​ថា ពេលវេលា​ពុំទាន់​មកដល់​ឡើយ ហើយ​ថា​ប្រការនេះ​នឹងធ្វើ​ឲ្យ​​ខូចខាត​ដល់​រូបភាព​នៃ​របប​ថ្មី​នេះ​នៅលើ​ឆាក​អន្តរជាតិ និងធ្វើឲ្យ​ចុះខ្សោយ​របប​នេះ​នៅក្នុង​សម័យប្រជុំ​អង្គការសហប្រជាជាតិ​ឆាប់ៗ​ខាងមុខនេះ។ ​

វា​ហាក់ដូចជា​ថា មនុស្ស​របស់ លន់ ណុន បាន​ជោគជ័យ​ច្រើនណាស់​ទៅហើយ នៅពេលដែល​ឧ​ត្ត​ម​សេនីយ៍ លន់ នល់ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​១៩៧០ បានប្រកាស​តាម​វិទ្យុ​ថា របប​សាធារណរដ្ឋនៅ​កម្ពុជានឹង​ត្រូវបាន​បង្កើតឡើង​នៅ​រយៈពេល​២​ខែ​ខាងមុខ។ ​

​ទោះជា​ព្រះអង្គម្ចាស់ សិរិមតៈ ខំ​រាំងខ្ទប់​យ៉ាងណា​ក៏​មិនបាន​ដែរ ហើយ​ទីបំផុត​ថ្ងៃទី​៩ តុលា ឆ្នាំ​១៩៧០ បានមក​ដល់ ហើយ​របប​សាធារណរដ្ឋ​ខ្មែរបានប្រកាស​បង្កើតឡើង និងប្រកាស​ឲ្យ​មាន​ការរៀបចំ​ធ្វើបុណ្យ​ទូទាំងប្រទេស។ នេះ​ជា​លើក​ទី​១ និងតែ​ម្តងគត់ដែល​របប​សាធារណរដ្ឋ បាន​ចាប់កំណើត​នៅលើ​ទឹកដី​កម្ពុជា។ ប្រការនេះ​ធ្វើឲ្យ​​មនុស្ស​ភាគី​ទាំង​ទ្វេ​មានទំនាស់​នឹង​គ្នា​កាន់តែ​ស្រួចស្រាល​ឡើង​ថែមទៀត។ 

ដោយហេតុនេះ នៅ​ឆ្នាំ​១៩៧០ លន់ នល់ បាន​ក្លាយជា​ប្រធានាធិបតី​ទី​១ និងតែ​ម្នាក់​គត់​របស់​សាធារណរដ្ឋនៅ​កម្ពុជា។ គាត់​មាន​ឋានៈ​ជា​អគ្គសេនាធិការ​កងទ័ព ហើយ​គាត់​បាន​ចែករំលែក​អំណាច​ជាមួយ​ព្រះអង្គម្ចាស់​សិរិមតៈ ដោយ​ប្រគល់​ថ្វាយ​ព្រះអង្គ​ឲ្យ​​ជា​អ្នកទទួលបន្ទុក​នយោ​បាយ ពោល​គឺជា​មនុស្ស​ទី​២ បន្ទាប់ពី​លន់ នល់ ក្នុង​របប​នេះ។ ​

​តាំងពី​ឡើងកាន់​អំណាច​មក លន់ នល់ បានចាប់ផ្តើម​ធ្វើសង្គ្រាម​បណ្តេញ​កងទ័ព​វៀតណាម​ខាងជើង និងវៀត​កុង​ចេញពី​ទឹកដី​កម្ពុជា។ ដោយ​ហេតុនេះ រដ្ឋាភិបាល​របស់គាត់​ទទួលបាន​ជំនួយ​ទាំងស្រុង​ពី​សហរដ្ឋអាមេរិក ដែល​កំពុង​ជួយ​វៀតណាម​ខាងត្បូង ធ្វើសង្គ្រាម​ជាមួយ​វៀត​ណាម​​ខាង​ជើង។​ 

​ជា​អកុសល រដ្ឋាភិបាល​សាធារណរដ្ឋ​ខែ្មររបស់ លន់ នល់ មិនមាន​សំណាងល្អ​ឡើយ ដោយសារ​អំពើពុករលួយ​នៅតែ​បន្ត​រស់រានមានជីវិត​នៅ​លើ​​ទឹកដី​នេះ​ដដែល ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​មិន​ចាញ់​កាល​ប្រទេស​នេះ​ស្ថិតក្រោម​ដឹកនាំ​របស់​សម្តេច​សីហនុ​ឡើយ។ មិនមាន​ករណី​ពុករលួយ​​ណា​មួយ​​ត្រូវ​បាន​​ដោះស្រាយ​ឡើយ ហើយ​បុគ្គល​ដែល​គេ​ធ្លាប់បាន​ចោទថា​ពុករលួយ​ដល់​កំពូល​ក្នុង​របប​សម្តេច​សីហនុ ដូចជា សូ​ស្តែ​ន ហ្វែ​ណង់​ដេ​ស ជាដើម នៅតែ​បន្ត​រស់នៅ​ដោយ​សុខសាន្តគ្មាន​ទោស ថែមទាំង​នៅតែមាន​អំណាច​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ​ផង​ទៀត។ សម្ភា​រៈ​សឹក ដែល​ជា​​ជំនួយ​របស់​អាមេរិក​មិនត្រូវ​បាន​គេ​ប្រគល់ឲ្យ​​កងទ័ព​បាន​​គ្រប់គ្រាន់​ឡើយ បែរជា​ត្រូវគេ​ដាក់លក់​នៅតាម​ផ្សារ​ដូចជា​ផ្សារ​អូឡាំពិក​ជា​ដើម ហើយ​ប្រជាជន​ខ្មែរ​ដែល​ស្រលាញ់​ជាតិ​បាននាំគ្នា​លក់​គោក្របី និងស្រែចំការ​ទៅ​ទិញ​សម្ភារៈ​ទាំងនោះ ដើម្បី​ធ្វើដំណើរ​ចូល​សមរភូមិ រីឯ​កងទ័ព​ខ្លះ​នាំ​ទាំង​ប្រពន្ធ​កូន​ទៅជា​មួយ​ផង។ ​

​កងទ័ព​របស់​លន់ នល់ ដែល​គ្មាន​បទពិសោធ ពុំមាន​យុទ្ធ​ភ័​ណ្ឌ​គ្រប់គ្រាន់ ខ្វះ​ការដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ត្រូវបាន​កងទ័ព​កុ​ម្មុយ​និ​ស្ត​យួន វាយ​កំទេច​​ខ្សែត្រៀម និងសម្លាប់​យ៉ាង​អាណោចអាធ័ម​ជា​បន្តបន្ទាប់។​ 

​របប​សាធារណៈរដ្ឋ​ខ្មែរ ត្រឹមតែ​រយៈពេល​៥​ឆ្នាំ​សោះ​គឺ​ពីឆ្នាំ​១៩៧០ ដល់ឆ្នាំ​១៩៧៥ គេ​ឃើញ​មានការ​ប្តូរផ្លាស់​គណៈរ​ដ្ឋ​មន្ត្រី​ជាច្រើនលើក​ច្រើន​សា​រ​ដែល​​ក្នុងនោះ​គឺ​គណៈរដ្ឋមន្ត្រី​របស់​ព្រះអង្គម្ចាស់ សិរិមតៈ របស់ លោក ហង្ស ធុន​ហាក់ របស់លោក អ៊ិន តាំ (២​លើក​) របស់លោក សឺ​ង ង៉ុ​កថា​ញ់ របស់លោក ឡុង បូ​រ៉េត (៣​លើក)។ ប៉ុន្តែ​មិនដែល​ឃើញ​រដ្ឋាភិបាល​ណាមួយ​ទទួលបាន​ជោគជ័យ​ធំដុំ​ឡើយ។ ចំណុច​គួរកត់​សម្គាល់​មួយ​​គឺថា ទោះជា​មានការ​ផ្លាស់ប្តូរ​ញឹកញាប់​យ៉ាងណាក្តី ប៉ុន្តែ​សមាសភាព​នៃ​រដ្ឋមន្ត្រី​ក្នុងគណៈ​រដ្ឋមន្ត្រី​នោះៗ ភាគច្រើន​គឺជា​មនុស្ស​ដដែលៗ ពោលគឺ​ប្តូរផ្លាស់​តែ​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ។ ប្រហែល​នេះក៏​ជា​កត្តា​មួយ​ដែលមាន​ចំណែក​ដល់​ភាពមិន​ជោគជ័យនៃ គណៈរដ្ឋមន្ត្រី​ទាំង​នោះដែរ។ ​

​ការផ្លាស់ប្តូរ​របត់​ន​យោ​បាយ​របស់​មហាអំណាច​នាំឲ្យ​​អាមេរិក​ព្រម​ទទួលយក​ថា​ជា​អ្នកចាញ់​សង្គ្រាម​នៅ​វៀតណាម។ ប្រការនេះប្រទេស​កម្ពុជា​លែង​​ក្លាយ​ជា​​ទឹក​ដី​ដែល​អាមេរិកាំង​ត្រូវការ​ចាំបាច់​ទៀត។ ហេតុនេះ​រដ្ឋាភិបាល​អាមេរិកក៏បាន​ផ្តាច់ជំនួយ​មកឲ្យ​​រដ្ឋាភិបាល​លន់ នល់ ជា​បន្តបន្ទាប់​។​ 

​សម្តេចសីហនុ បាន​មានបន្ទូលថា​នៅពេល​ក្រុម​របស់​ព្រះអង្គ​បាន​ចូលកាន់​កាប់​ប្រទេស​កម្ពុជា​នោះ ព្រះអង្គ​នឹង​បញ្ជា​ឲ្យ​គេ​បាញ់សម្លាប់​លន់ នល់ ប្រសិនបើ​ចាំបាច់។ ប៉ុន្តែ​បើ​លន់ នល់ ព្រម​ចុះ​ចាញ់ហើយ​និរទេស​ចេញពី​កម្ពុជា គាត់​នឹងមិន​មានការ​តាម​ចាប់ខ្លួន​ ឬ​តាម​ចងកម្ម​ឡើយ ។ ដោយហេតុនេះ​ទើប​ទីបំផុត​សហរដ្ឋអាមេរិក បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ លន់ នល់ ទទួលយក​ជម្រើស​ចុងក្រោយ​នេះ។​ ​

ថ្ងៃទី​១ ខែមេសា ១៩៧៥ លន់ នល់​បាន​លាលែង​ពី​តំណែង និងនិរទេស​ខ្លួន​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់មក​ទៅ​សហរដ្ឋអាមេរិក និង បាន​តាំង​លំនៅឋាន​ដំបូង​នៅ​រដ្ឋ​ហា​វ៉ៃ ហើយ​នៅ​ឆ្នាំ​១៩៧៩ នៅ​រដ្ឋកា​លី​ហ្វូ​ន​ញ៉ា។ គាត់​បាន​ស្លាប់​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ១៩៨៥។
លន់ នល់ អ្នកដឹកនាំ​រដ្ឋប្រហារ និងបង្កើត​សាធារណរដ្ឋ​ខ្មែរ លន់ នល់ អ្នកដឹកនាំ​រដ្ឋប្រហារ និងបង្កើត​សាធារណរដ្ឋ​ខ្មែរ Reviewed by Unknown on 8:05 AM Rating: 5

No comments:

Theme images by RBFried. Powered by Blogger.