ប្រវត្តិ​ជីវិត​ពិត​អតីត​ប្រធានាធិបតី​តោកយ៉ាក​បំផុត​លើ​លោក


អ្នក​ដឹក​នាំ​ប្រទេស​មួយ​ប្រាកដ​ជា​មនុស្ស​អស្ចារ្យ មាន​ទ្រព្យ​សម្បត្តិ​ច្រើន ប្រាក់​ខែ​ចាយ​មិន​អស់ ប៉ុន្តែ​អតីត​មេដឹកនាំ​មួយ​រូប​របស់​ប្រទេស​អ៊ុយរុយហ្គាយ បែរ​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​តោកយ៉ាក​បំផុត​ក្នុង​ពេល​កំពុង​កាន់​តំណែង។ ហេតុអ្វី​បាន​ជា​ប្រធានាធិបតី​រូប​នេះ មាន​សភាព​ខុស​ពី​មេដឹកនាំ​ប្រទេស​ដទៃ?
លោក José Mujica កើត​នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​១៩៣៥ ដែល​បច្ចុប្បន្ន​ឈាន​ចូល​វ័យ ៨០​ឆ្នាំ​ហើយ។ បុរស​ដែល​មាន​រហ័ស​នាម​ថា “ប្រធានាធិបតី​ក្រ​ជាង​គេ​លើ​លោក” បាន​កាន់​តំណែង​ជា​មេដឹកនាំ​ប្រទេស​អ៊ុយរុយហ្គាយ​ចាប់​ពី​ថ្ងៃ​ទី០១ ខែ​មិនា ឆ្នាំ​២០១០ រហូត​ដល់​ថ្ងៃ​ទី០១ ខែ​មិនា ឆ្នាំ២០១៥ ដោយ​បន្សល់​ទុក​សមិទ្ធផល​​ជា​ច្រើន​រាប់​មិន​អស់ ព្រម​ទាំង​ការ​គោរព​ស្រលាញ់​ពី​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ។

ជីវិត​ឯក​ជន


នៅ​ក្នុង​ឆ្នាំ២០០៥ លោក Mujica បាន​រៀបការ​ជាមួយ​អ្នក​ស្រី Lucía Topolansky ជា​សមាជិក​រួម​ក្រុម​ចលនា​សេរីភាព​ជាតិ Tupamaros ហើយ​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា។ បើ​ទោះ​បី​សាង​ស្នេហ៍​ជាង ១០​ឆ្នាំ អ្នក​តស៊ូ​ទាំង​ពីរ​នាក់​នេះ​ហួស​ពេល​នឹង​ទទួល​កូន​ជា​ចំណង​ដៃ ព្រោះ​ចាស់​ៗ​រៀង​ខ្លួន​អស់​ទៅ​ហើយ។ ពួក​គេ​ទាំង​ពីរ​នាក់ រស់​ក្នុង​កសិដ្ឋាន​តូច​មួយ​នៅ​ជាយ​ក្រុង Montevideo ដោយ​គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ជា​ដុំ​កំភួន​ឡើយ មាន​ត្រឹម​ឡាន​កញ្ចាស់​មួយ​ម៉ាក Volkswagen Beetle ផលិត​ឆ្នាំ១៩៨៧។

តស៊ូ​ប្រឆាំង​រដ្ឋាភិបាល​រហូត​ជាប់​ពន្ធនាគារ ១៤​ឆ្នាំ

ដោយសារ​អតីត​ប្រធានាធិបតី​រូប​នេះ មាន​ប្រវត្តិ​ជា​អ្នក​តស៊ូ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល លោក​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ជា​ច្រើន​ដង។ លោកMujica បាន​រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ ២ដង ប៉ុន្តែ​ត្រូវ​ចាប់​ខ្លួន​បាន​ទាំង​ពីរ​ដង និង​ជាប់​ពន្ធនាគារ​​សរុប​រហូត​ដល់ ១៤​ឆ្នាំ។ នៅ​ឆ្នាំ១៩៨៥ អតីត​ប្រធានាធិបតី​ទី៤០ រូប​នេះ រួម​ជាមួយ​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្រោម​ការ​លើក​លែង​ទោស​មុន​កាល​កំណត់។

បរិច្ចាគ​ប្រាក់​ខែ ៩០​ភាគ​រយ ជា​ជំនួយ​សប្បុរស​ធម៌

​មិន​ត្រឹម​តែ​មាន​ងារ​ជា "ប្រធានាធិបតី​ក្រ​ជាង​គេ​លើ​លោក" ទេ លោក Mujica ក៏​មាន​រហ័ស​នាម​ថា "ប្រធានាធិបតី​ដាក់​ខ្លួន​ជាង​គេ​លើ​លោក" ផង​ដែរ ដោយសារ​របៀប​រស់នៅ និង​ការ​បរិច្ចាគ​ប្រាក់​ដ៏​ច្រើន​ក្រាស់​ក្រែល​របស់​លោក។ ៩០​ភាគ​រយ នៃ​ចំនួន​ប្រាក់​ខែ ១២០០០​ដុល្លារ​របស់​លោក ត្រូវ​បរិច្ចាគ​ជា​ជំនួយ​មនុស្ស​ធម៌​ដល់​ជន​ក្រី​ក្រ​នានា។ មាន​ន័យ​ថា​ក្នុង​មួយ​ខែ លោក Mujica ទទួល​ប្រាក់​បៀវត្សរ៍​ក្នុង​នាម​ជា​ប្រធានាធិបតី​ត្រឹម ១២០០​ដុល្លារ​ប៉ុណ្ណោះ។


ឡាន​​កញ្ចាស់​មាន​​តែ​មួយ បើ​លក់​បាន​ថ្លៃ​យក​លុយ​ជួយ​ជន​គ្មាន​ជម្រក


កាល​ពី​ចុង​ឆ្នាំ​២០១៤ លោក Jose Mujica បាន​និយាយ​ថា មាន​គេ​ស្នើ​សុំ​ទិញ​ឡាន​ម៉ាក Volkswagen Beetle ផលិត​ឆ្នាំ១៩៨៧ របស់​លោក ក្នុង​តម្លៃ ១​លាន​ដុល្លារ។ ​ប្រធានាធិបតី​ទី ៤០​របស់​អ៊ុយរុយហ្គាយ​រូប​នេះ​បាន​បញ្ជាក់​ថា បើ​លោក​ទទួល​បាន​មួយ​លាន​ដុល្លារ​ពី​ការ​លក់​ឡាន លោក​នឹង​បរិច្ចាគ​លុយ​ទាំង​នោះ​ជួយ​សាង​សង់​ផ្ទះ​ដល់​អ្នក​គ្មាន​ជម្រក។ ប្រសិនបើ​បាន​ឡាន​ ១០​គ្រឿង​ជា​ថ្នូរ​វិញ លោក​នឹង​ផ្ដល់​វា​ទៅ​​ឲ្យ​​ការិយាល័យ​សុខភាព​សាធារណៈ។ សកម្មភាព​នេះ បាន​នាំ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​កោត​សរសើរ​យ៉ាង​ខ្លាំង បើ​ទោះ​បី​ពេល​នេះ​លោក​មិន​ទាន់​បាន​លក់​ឡាន​នោះ​ក្ដី។
ចប់​អាណត្តិ​ប្រធានាធិបតី​ក្នុង​វ័យ​៧៩​ឆ្នាំ តែ​ប្រជាជន​មិន​ដាច់​អាល័យ


មុន​ក្លាយ​ជា​ប្រធានាធិបតី លោក Mujica ធ្លាប់​កាន់​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។ លោក​បាន​ឈ្នះ​ឆ្នោត​លើ​អតីត​ប្រធានាធិបតី​ចាស់ និង​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី០១ ខែ​មិនា ឆ្នាំ២០១០។ រយៈពេល ៥​ឆ្នាំ អតីត​អ្នក​តស៊ូ​នយោបាយ​រូប​នេះ បាន​ឆក់​យក​ក្ដី​ស្រលាញ់​ពី​ប្រជាជន​ទូទាំង​ប្រទេស។ ការ​កសាង​ស្នាដៃ​ជា​ច្រើន ព្រម​ទាំង​ទឹក​ចិត្ត​គិត​ប្រយោជន៍​ជាតិ​ជា​ធំ គឺ​ជា​អ្វី​ដែល​ប្រធានាធិបតី​ដ៏​តោកយ៉ាក​រូប​នេះ​ប្រកាន់​យក។

ទោះ​បែប​ក្ដី ប្រទេស​អ៊ុយរុយហ្គាយ​បាន​កំណត់​ឲ្យ​ប្រធានាធិបតី​អាច​កាន់​អំណាច​ត្រឹម​មួយ​អាណត្តិ​ប៉ុណ្ណោះ ស្មើ​នឹង ៥​ឆ្នាំ។ ថ្ងៃ​ទី​០១ ខែ​មិនា ឆ្នាំ​២០១៥ ជា​ពេល​វេលា​ដែល​អតីត​ប្រធានាធិបតី​រូប​នេះ​ចប់​អាណត្តិ​ដឹក​នាំ​ប្រទេស ប៉ុន្តែ​ប្រជាជន​នៅ​តែ​គោរព​ស្រលាញ់​លោក មិន​ដាច់​អាល័យ​ចំពោះ​ការ​ចាក​ចេញ​ឡើយ។ លោក​បាន​បញ្ចប់​អាណត្តិ​​ប្រធានាធិបតី​ក្នុង​វ័យ ៧៩​ឆ្នាំ៕













ប្រវត្តិ​ជីវិត​ពិត​អតីត​ប្រធានាធិបតី​តោកយ៉ាក​បំផុត​លើ​លោក ប្រវត្តិ​ជីវិត​ពិត​អតីត​ប្រធានាធិបតី​តោកយ៉ាក​បំផុត​លើ​លោក Reviewed by Unknown on 1:12 AM Rating: 5

No comments:

Theme images by RBFried. Powered by Blogger.