បើចង់ក្លាយជាសេដ្ឋី យកទម្លាប់ទាំង ៧ នេះដាក់ខ្លួនឲ្យបាន
ការផ្លាស់ប្តូរក្នុងជីវិតចាប់ផ្តើមពីបន្តិចម្តងៗ ជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកពូកែគិតនិងអ្នកច្នៃប្រឌិតអស្ចារ្យរបស់ពិភពលោកនេះត្រូវគេស្គាល់ច្បាស់ថាបានបង្កើតស្នាដៃតាមរយៈទម្លាប់របស់ពួកគេ។ មានមនុស្សជាច្រើនដែលនិយាយថារបៀបដែលមនុស្សយើងចាប់ផ្តើមរាល់ថ្ងៃជាកត្តាសម្រេចជោគជ័យ។ ខាងក្រោមនេះជាទម្លាប់ទាំង៧ដើម្បីធ្វើឱ្យរាល់ថ្ងៃមានន័យនិងជោគជ័យ៖
១/ គិតវិជ្ជមាន
ចិត្តរបស់មនុស្សយើងជាអ្នកបញ្ជាលើអ្វីៗទាំងអស់របស់យើង។ អ្វីដែលមនុស្សយើងគិតនឹងដឹកនាំសកម្មភាពរបស់យើង។ ការសិក្សាវិទ្យាសាស្រ្តបង្ហាញថា មនុស្សយើងមានសមត្ថភាពអាចដុសខាត់ខួរក្បាលតាមរយៈការផ្លាស់ប្តូររបៀបគិត និងអនុវត្តជាប្រចាំ។ គ្មាននរណាម្នាក់អាចគិតវិជ្ជមានបាន១០០%គ្រប់ពេលនោះទេ ប៉ុន្តែការព្យាយាមប្តូរទស្សនៈជាប្រចាំនឹងមានឥទ្ធិពលលើជីវិតរបស់យើងរហូតដល់កម្រិតមួយដែលមិននឹកស្មានដល់។
២/ ធ្វើតាមអ្វីដែលខ្លួនឯងនិយាយផង
គ្មាននរណាម្នាក់ជឿមនុស្សដែលមិនធ្វើដូចអ្វីដែលគេនិយាយនោះទេ។ កុំបានត្រឹមតែនិយាយ ត្រូវបង្កើតផែនការ និងអនុវត្តភ្លាម។ បើមិនអាចធ្វើអស់គ្រប់ចំណុចដែលបានគ្រោងទុក មិនមែនជាបញ្ហាទេ អ្វីដែលសំខាន់គឺលោកអ្នកត្រូវអនុវត្តមានគំនិត និងផែនការនោះឱ្យបានរាល់ថ្ងៃ។
៣/ ស្វាគមន៍ថ្ងៃថ្មី
ក្រោកពីគេងដំណាលគេ ឬឱ្យបានមុនគេ។ លោកអ្នកមិនចាំបាច់ចាប់ផ្តើមធ្វើការពីព្រឹកពេកទេបើមិនមានអារម្មណ៍ចង់ធ្វើការ ប៉ុន្តែមនុស្សយើងត្រូវតែក្រោកពីគេងនៅពេលថ្ងៃរះ។ ធ្វើបែបនេះលោកអ្នកអាចមានពេលខ្លះផ្ទាល់ខ្លួនមុនពេលចាប់ផ្តើមធ្វើការងារ។
៤/ សហការគ្នា
ជោគជ័យមិនអាចកើតឡើងចេញពីការប្រឹងប្រែងរបស់មនុស្សតែម្នាក់បានទេ។ ទោះបីយើងគឺជាអ្នកទទួលខុសត្រូវទាំងស្រុងលើការសម្រេចក្តីសុបិនរបស់យើង តែយើងមិនអាចទៅដល់គោលដៅតែម្នាក់ឯងបានទេ។ យើងពិតជាត្រូវការគ្នា ត្រូវការអ្នកនាំផ្លូវ និងត្រូវការសហគមន៍ទាំងមូល។
៥/ ការប្រឹងប្រែងមិនដាច់ជាគន្លឹះ
ក្នុងដំណើរទៅសម្រេចគោលដៅអ្វីមួយ មនុស្សយើងងាយរងការរំខានណាស់ ប៉ុន្តែយើងអាចបង្រៀនខ្លួនឯងឱ្យចេះដោះស្រាយឧបសគ្គ និងផ្តោតលើលទ្ធផលដែលនៅខាងមុខ។ ផ្តោតចិត្តលើអ្វីដែលសំខាន់ ដោយមិនត្រូវប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃ ឬបារម្ភជ្រុលចំពោះអនាគត។
៦/ ត្រូវមានសុចរិតភាពគ្រប់ពេល
ពាក្យសម្តីជាតម្លៃពិតរបស់មនុស្ស។ ប្រសិនបើយើងចង់ឱ្យគេឃើញថា ជាអ្នកដឹកនាំ ត្រូវសម្តែងឱ្យសមនៅគ្រប់កាលៈទេសៈ។ ជោគជ័យសំបកក្រៅ និងការកើនឡើងនៃទ្រព្យសម្បត្តិមិនមានអ្វីប្រៀបបាននឹងការរីកចម្រើនផ្នែកអត្តចរិតនិងគុណធម៌ខាងក្នុងខ្លួនមនុស្សទេ។
៧/ ការដឹងគុណ និងការយកចិត្តទុកដាក់
ការដឹងគុណគឺជាកត្តាកំណត់ការផ្លាស់ប្តូរ។ នៅពេលមនុស្សយើងដឹងគុណចំពោះអ្វីៗដែលបានទទួល ហើយមិនមែនចេះតែមានអំណួតចំពោះខ្លួនឯងនោះទេ។ ក្នុងមួយថ្ងៃៗត្រូវចាប់ផ្តើមដោយកំណត់ទុករឿងបីយ៉ាង ឬមនុស្សបីនាក់ដែលយើងត្រូវដឹងគុណ។ ចំណែកឯការយកចិត្តទុកដាក់គឺជាសមត្ថភាពដើម្បីស្តាប់សម្លេងពីខាងក្នុងចិត្តរបស់យើង។ យើងអាចបង្ហាត់ខ្លួនឱ្យចេះស្តាប់ការពិតនិងអនុវត្តតាមសម្បជញ្ញ៕
បើចង់ក្លាយជាសេដ្ឋី យកទម្លាប់ទាំង ៧ នេះដាក់ខ្លួនឲ្យបាន
Reviewed by Unknown
on
12:31 AM
Rating:
No comments: