ជួន ណា​រិ​ន្ទ ៖ អ្នកឯង​ត្រូវរ៉ូវ​គ្នា ទោះជា​គ្មាន​ពាក្យបណ្តឹង​ក៏​ដោយ សមត្ថកិច្ច​អនុវត្ត​តាម​បទល្មើស​ព្រហ្មទណ្ឌ


ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគ​បាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៦​នេះ​ថា សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើការ​ឃាត់ខ្លួន​លោក គៀង ហេង រួម​ជាមួយ​នាង ពេជ្រ អា​វី​ហ្សា នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួច​ហើយ​ដើម្បី​ធ្វើការ​សាកសួរ ។
ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​លោកស្នងការ​បន្ត​ថា ការ​ឃាត់ខ្លួន​គូស្នេហ៍​មួយគូ​នេះ ធ្វើ​ឡើង​នៅផ្ទះ​សំណាក់​មួយ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែល​ពួក​គេ​បាន​មក​ជួល​ដេក​ស្នាក់​នៅ​ជាមួយ​គ្នា​ទាំង​ពីរ​នាក់ ។ ពេល​នេះ​ពួក​គេ​ត្រូវ​បាន​ចូល​មក​ដល់​ស្នងការដ្ឋាន​ហើយ ដែល​មាន​ស្នងការ​រង​ម្នាក់​ទទួល​ការងារ​ព្រហ្មទណ្ឌ​កំពុង​សាកសួរ​តាម​ នីតិវិធី ។ លោកស្នងការ​ថ្លែង​ថា ទោះជា​គ្មាន​ពាក្យបណ្តឹង​ក៏​ដោយ ជា​រឿង​ព្រហ្មទណ្ឌ សមត្ថកិច្ច​មិន​សម្ងំ​ស្ងៀម​ទេ តែ​វិធានការ​ស្រាវជ្រាវ និង​ជំនាញ​របស់​យើង​ធ្វើ​តាម​នីតិវិធី​ជំនាញ មិន​អាច​ធ្វើ​ឡើង​ក្តុងក្តាំង​ដូច​សារព័ត៌មាន​ទេ យើង​ប្រមូល​អ្វី​ដែល​កើតឡើង គឺ​មាន​ហេតុផល​ត្រឹមត្រូវ​តាម​ច្បាប់ ។

លោកស្នងការ​បន្ត​ថា រឿង​នេះ​សារព័ត៌មាន រួម​ទាំង​សង្គម​សារ​អេ​ឡិច​ត្រូ​និក​(​ហ្វេ​ស​ប៊ុ​ក​)​បាន​ផ្សព្វផ្សាយ​ពេញ​ ពិភពលោក​ទៅ​ហើយ​ថា តួអង្គ​ខាង​ប្រុស បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​តួអង្គ​ខាង​ស្រី ដូច្នេះ​ច្បាប់​បាន​កំណត់​ហើយ​ថា កាលណា​បើ​ជន​ណា​ម្នាក់ បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​ម្នាក់​ទៀត​បង្ក​ឲ្យ​មាន​របួស​ស្នាម ជន​នោះ​ពិតជា​បាន​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​បទល្មើស​ព្រហ្មទណ្ឌ ។ បទល្មើស​ព្រហ្មទណ្ឌ​បើ​ទោះបីជា​គ្មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ក៏​ដោយ សមត្ថកិច្ច​អនុវត្ត​តាម​បទល្មើស​ព្រហ្មទណ្ឌ ហើយ​រឿង​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ ក្នុង​ប្រព័ន្ធ លើ​ច្បាប់​ទុក​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ យើង​អនុវត្ត​តាម​ផ្លូវច្បាប់ ។ លោកស្នងការ​បញ្ជាក់​ប្រាប់​កោះសន្តិភាព​យ៉ាង​ម៉ឺងម៉ាត់​ថា យើង​បញ្ជូន​ទៅ​តុលាការ​ល្ងាច​នេះ (​ល្ងាច​ថ្ងៃ​ទី​១៦ វិច្ឆិកា​) មិន​ទុក​ឲ្យ​ឈឺក្បាល​ទៀត​ទេ ។
  • ព័ត៌មាន​ចុង​ក្រោយ
សេចក្តីរាយការណ៍​ចុង​ក្រោយ​ពី​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ វេលា​ម៉ោង​៧​យប់​ឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ គៀង ហេង សង្សារ​បណ្តូលចិត្ត​របស់​នាង អា​វី​ហ្សា ហៅ​អា​ម៉ី ត្រូវ​បាន​ចៅក្រម​សម្រេច​ដេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្តហើយ ៕
ជួន ណា​រិ​ន្ទ ៖ អ្នកឯង​ត្រូវរ៉ូវ​គ្នា ទោះជា​គ្មាន​ពាក្យបណ្តឹង​ក៏​ដោយ សមត្ថកិច្ច​អនុវត្ត​តាម​បទល្មើស​ព្រហ្មទណ្ឌ ជួន ណា​រិ​ន្ទ ៖ អ្នកឯង​ត្រូវរ៉ូវ​គ្នា ទោះជា​គ្មាន​ពាក្យបណ្តឹង​ក៏​ដោយ សមត្ថកិច្ច​អនុវត្ត​តាម​បទល្មើស​ព្រហ្មទណ្ឌ Reviewed by Unknown on 7:53 PM Rating: 5

No comments:

Theme images by RBFried. Powered by Blogger.