ខឹងលែងបាន ! ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ប្តីខ្លួនឯងលេង
ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ១៦:៣៣ (14-11-2016 16:33)
រាជធានីភ្នំពេញ ៖
ស្ត្រីម្នាក់ព្រោះតែទ្រាំនឹងទង្វើរបស់ប្តីខ្លួនឯងលែងបាន
ក៏សម្រេចចិត្តរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ប្តី
របស់ខ្លួន ដោយសារតែប្តីរូបនេះគិតតែពីដើរលេងផឹកស៊ី
និងលក់ម៉ូតូអស់ជាច្រើនគ្រឿង ពេលអត់លុយឲ្យក៏រករឿងប្រពន្ធកូន
និងវាយបំផ្លាញទ្រព្យសម្បត្តិ ព្រមទាំងគំរាមដុតផ្ទះចោលទៀត ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច
និងប្រជាពលរដ្ឋកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៤
ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ក្នុងភូមិថ្មគោល
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។សមត្ថកិច្ចឲ្យដឹងថា បុរសជាប្តីឈ្មោះ ឈួន មានឌី អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិតានួង ឃុំតានួង ស្រុកសុទិន ខេត្តកំពង់ចាម រីឯស្ត្រីជាប្រពន្ធមិនបានប្រាប់ឲ្យស្គាល់ឈ្មោះឡើយ ។ ទាំង២នាក់រស់នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចឲ្យដឹងទៀតថា កន្លងមកបុរសជាប្តីតែងតែដើរផឹកស៊ីមិនគិតពីការងាររកស៊ីនោះទេ ហើយបានយកម៉ូតូរបស់ខ្លួនទៅដាក់បញ្ចាំ និងលក់អស់គ្មានសល់ លុះលើកចុងក្រោយនេះបានយកម៉ូតូមិត្តភក្ដិ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ទៅដាក់បញ្ចាំនៅឯផ្សារឃ្លាំងរំសេវ ក្នុងតម្លៃ១៤០ដុល្លារដោយធានាអះអាងថា និងយកប្រាក់ទៅលោះយកវិញ ប៉ុន្តែបន្ទាប់ពីបញ្ចាំយកលុយដើរស៊ីចាយអស់ គ្មានលុយទៅលោះវិញ ក៏បានទៅសុំលុយពីប្រពន្ធ ដើម្បីទៅលោះយកម៉ូតូនោះឲ្យមិត្តភក្តិវិញ តែដោយប្រពន្ធគ្មានលុយឲ្យ ក៏រករឿងប្រពន្ធ កូន ថែមទាំងគំរាមដុតផ្ទះចោលទៀត ធ្វើឲ្យប្រពន្ធទ្រាំលែងបានក៏ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនយក ទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ជាពិសេសគឺធ្វើកិច្ចសន្យាសងលុយដែលយកទៅលោះម៉ូតូមិត្តភក្តិលើក នេះតែម្ដង ៕
ខឹងលែងបាន ! ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ប្តីខ្លួនឯងលេង
Reviewed by Unknown
on
4:16 AM
Rating:
No comments: