មេរៀនទាំង ៤ ដែលអ្នករកស៊ីត្រូវរៀនពីលោក Donald Trump
ទោះជាមានមនុស្សស្រឡាញ់ ឬស្អប់ក៏ដោយ ពេលនេះលោក Donald Trump បានឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយពេលខ្លះក៏លោកបាននិយាយពាក្យដែលមានឥទ្ធិពលបំផុតដូចជាពាក្យថា បើខ្ញុំមិនឈ្នះ ខ្ញុំនឹងចាត់ទុកថាវាជារឿងចំណាយពេលឥតប្រយោជន៍។ ពាក្យមួយឃ្លានេះឆ្លុះបញ្ចាំងនូវផ្នត់គំនិតសហគ្រិនគ្រប់រូបដែលត្រូវ តែមាន គឺមិនត្រូវធ្វើកិច្ចការអ្វីដែលគ្រាន់តែចង់បានជាមនុស្សលេខពីរ នោះទេ។
ដូច្នេះតើមានមេរៀនអ្វីទៀតដែលលោក Trump អាចបង្រៀនយើងបាន? ទុករឿងនយោបាយមួយដុំសិន ខាងក្រោមនេះជាមេរៀនទាំង៤ដែលសហគ្រិនគ្រប់រូបអាចរៀនពីមហាសេដ្ឋី និងជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក៖
១/ ការឈ្នះគឺជាអ្វីគ្រប់យ៉ាង
មនុស្សជំនាន់នេះកំពុងតែផុងខ្លួនក្នុងផ្នត់គំនិតបរាជ័យ។ ម្នាក់ៗសុទ្ធតែទទួលបានមេរៀនឱ្យចេះចូលរួមក្នុងការប្រកួតប្រជែង តែមិនមែនដើម្បីឈ្នះ។ នេះមិនមែនជាការពិតសម្រាប់ពិភពលោកនេះទេ។ លោក Trump មិនដែលធ្វើជាអ្នកចូលរួមមិនដើម្បីឈ្នះទេ។ មិនថាក្នុងការប្រកួតអ្វីទេ លោក Trump នឹងឈ្នះ ហើយនេះជាឥរិយាបថដែលសហគ្រិនគ្រប់រូបគួរតែរើសដាក់ខ្លួន។
២/ ផលិផល ឬសេវាកម្មរបស់អ្នកនឹងមិនទាក់ទាញនរណាទេ
លោក Trump យល់ថាខ្លួនឯងមិនអាចទាក់ទាញនរណាម្នាក់ទេ ហើយគាត់ដឹងច្បាស់ថា គាត់នឹងមិនអាចទាក់ទាញឱ្យគេចាប់អារម្មណ៍ដែរ។ ចំពោះផលិតផលរបស់អ្នកក៏ដូចគ្នាដែរ តែងតែមានអ្នកគាំទ្រ និងអ្នកប្រឆាំង។ សូម្បីតែទូរសព្ទ iPhone ក៏មិនត្រូវគេលើកលែងពីការគាំទ្រ និងប្រឆាំងនេះដែរ។ តើក្រុមហ៊ុន Apple ធ្វើដូចម្តេច? គឺគេផ្តោតលើការផ្តល់ជូនផលិតផល និងសេវាកម្មល្អបំផុតដល់ក្រុមអ្នកគាំទ្រ។ ដូច្នេះអ្នកដែលជាសហគ្រិនត្រូវកំណត់ទីផ្សារ និងអតិថិជនគោលដៅ រួចផ្តោតលើការផ្តល់ជូនផលិតផល និងសេវាល្អបំផុតឱ្យពួកគេ។ បើអ្នកគិតតែផ្គាប់ចិត្តមនុស្សគ្រប់គ្នា ការប្រឹងប្រែងរបស់អ្នកនឹងបរាជ័យមិនខាន។
៣/ ទំនុកចិត្តគឺជាស្តេច
តើលោក Trump មានទំនុកចិត្តលើខ្លួនឯងទេ? ទុកចិត្តខ្លាំងណាស់។ បើអ្នកប្រាប់លោក Trump ថាផែនការនេះ ឬផែនការនោះមិនអាចអនុវត្តបានទេ គាត់នឹងសើច។ គាត់បានជឿជាក់ថា គាត់នឹងឈ្នះក្នុងការបោះឆ្នោតនេះ។ ហើយកត្តាមួយក្នុងចំណោមកត្តាដែលនាំមកនូវជោគជ័យនេះគឺទំនុកចិត្ត នេះឯង។ អ្នកត្រូវតែជឿលើខ្លួនឯង១០០ភាគរយក្នុងការធ្វើអ្វីមួយ។ ពេលអ្នកឈរលើទំនុកចិត្ត ហើយចាប់ផ្តើមធ្វើការទាំងដឹងថា សកម្មភាពអ្នកនឹងមានឥទ្ធិពល អ្នកនឹងឈ្នះច្រើនជាងចាញ់។
៤/ អ្នកត្រូវតែបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួននៅពេលចាប់ផ្តើម
លោក Trump បានបង្ហាញសារយ៉ាងច្បាស់តាំងពីដំបូងមកម្ល៉េះ។ តើអ្នកមានចាំសារនោះទេ? ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត។ ពាក្យមួយឃ្លានេះដើរតួសំខាន់ណាស់ក្នុងការបង្កើតសារជាអត្តសញ្ញាណ របស់គាត់។ សារនេះត្រូវគេប៉ាក់និងបោះពុម្ពលើមួកដែលមានតម្លៃប្រហែលពីរបី ដុល្លារប៉ុណ្ណោះតែវាមានឥទ្ធិពលរកតម្លៃវាស់ស្ទង់មិនបាន។ ដូចគ្នានេះដែរ អ្នកក៏ត្រូវតែមានយុទ្ធសាស្រ្តបង្កើតអត្តសញ្ញាដ៏រឹងមាំមួយនៅ ពេលចាប់ផ្តើមធ្វើមុខជំនួញ៕
មេរៀនទាំង ៤ ដែលអ្នករកស៊ីត្រូវរៀនពីលោក Donald Trump
Reviewed by Unknown
on
5:11 AM
Rating:
No comments: